ខេត្តឧត្ដរមានជ័យ


ខេត្តឧត្ដរមានជ័យ
ស្ថិតិ
ផ្ទៃដី: ៦១៥៨ គម
ប្រជាជន: ៦៨២៧៩ (១៩៩៨)
ដង់ស៊ីតេ​: ១៤ នាក់/គម
ISO 3166-2: KH-២២
ផែនទី
Map of Cambodia highlighting ខេត្តឧត្ដរមានជ័យ

ខេត្តឧត្តរមានជ័យ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តឧត្តរមានជ័យមានទីរួមខេត្តនៅក្រុងសំរោង

ភូមិវិទ្យា

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ – ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សូរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ – ខាងត្បូងជាប់នឹងខេត្តសៀមរាប – ខាងកើតជាប់នឹងខេត្តព្រះវិហារ – ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម

ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា)

រដ្ឋបាល

ខេត្តឧត្ដរមានជ័យចែកចេញជា៤ស្រុកនិងក្រុង១គឺ៖

កូដស្រុក ឈ្មោះស្រុកជាភាសាខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង
២២០១ ស្រុកអន្លង់វែង Anlong Veng
២២០២ ស្រុកបន្ទាយអំពិល Banteay Ampil
២២០៣ ស្រុកចុងកាល់ Chong Kal
២២០៤ ក្រុងសំរោង Samraong
២២០៥ ស្រុកត្រពាំងប្រាសាទ Trapeang Prasat

ប្រជាសាស្ត្រ

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។

ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។

តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

សេដ្ឋកិច្ច

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេចកិច្ចខេត្ត។

ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

កសិកម្ម

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។

ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។

ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទព្រហ្មកិល ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

Posted on ខែ​មីនា 30, 2013, in ភូមិសាស្រ្តកម្ពុជា. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ