ប្រវត្តិ​សង្ខេប​របាំ​ប្រជា​ប្រិយ​ខ្មែរ រាំ​វង់ រាំ​ក្បាច់…

មិន​ខុស​អ្វី​ពី​ល្បែង​ប្រជា​ប្រិយ​ចោល​ឈូង លាក់​កន្សែង ចាប់​កូន​ខ្លែង បោះ​អង្គញ់ ស្ដេច​ចង់ ឫ​ល្បែង​ឯ​ទៀត​ដែល​ខ្មែរ​និយម​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​នានា ពិសេស​គឺ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​នោះ​ឡើយ។ របាំ​ប្រជា​ប្រិយ រាំវង់ រាំ​ក្បាច់ គឺ​ជា​ប្រភេទ​របាំ​ដែល​មាន​ការ​និយម​ជា​ទូទៅ​នៅ​ក្នុង​ទូទាំង​ប្រទេស ទោះ​នៅ​ទី​ក្រុង ក៏​ដូច​ជា​ជន​បទ នៅ​តំបន់​ភ្នំ នៅ​វាល​ទំនាប ឫ​ក៏​តំបន់​មាត់​សមុទ្រ ។ របាំ​ប្រជាប្រិយ ខ្មែរ​នេះ​ជា​ប្រភេទ​របាំ​ដែល​ងាយ​ចាំ​ងាយ​ចេះ ហើយ​ងាយ​ក្នុង​ការ​រៀប​ចំ​សម្ដែង​ទៀត​ផង ។ អាស្រ័យ​ហេតុ​នេះ​ទើប​គេ​សង្កេត​ឃើញ​ប្រជាជន​ខ្មែរ តាំង​ពី​ព្រះ​រាជា នា​ម៉ឺន​សព្វ​មន្ត្រី​រហូត​ដល់​ប្រជា​រាស្ត្រ ទាំង​ក្មេង ទាំង​ចាស់​ប្រុស​ស្រី​ចេះ​រាំ​របាំ​នេះ​គ្រប់​ៗ​គ្នា។

ឯពាក្យ​ថា​ “រាំវង់” គឺ​ជា​លក្ខណៈ​ពិសេស​សម្រាប់​សំគាល់​រូប​ភាព​នៃ​របាំ​នេះ ពោល​គឺ​ពេល​រាំ​គេ​នាំ​គ្នា​រាំ​បន្ត​គ្នា​ជា​រង្វង់​មូល ។ ហើយ​ជា​របាំ​សម្រាប់​រាំ​លេង​កម្សាន្ត ឫ​ក៏​រាំ​ដើម្បី​បំបាត់​ការ​នឿយ​ហត់ ក្រោយ​ពី​ការ​បំពេញ​ពលកម្ម​នានា​រួច ។

ចំពោះ​ប្រវត្តិ​កំណើត​នៃ​របាំ​ រាំវង់​នេះ​វិញ បើ​យើង​ពឹង​ផ្អែក លើ​ឯក​សារ​សរសេរ​ដែល​មាន​បន្តិចបន្តួច និង​ផ្អែក​លើ​ភាព​ជាក់​ស្ដែង​ក្នុង​ជីវិត​ដែល​បាន​ប្រព្រឹត្ត​ដល់​យើង​ សព្វថ្ងៃ​នេះ​យើង​ជឿ​ថា៖ សិល្បៈ​រាំវង់​នេះ​មាន​អាយុ​ច្រើន​សតវត្សរ៍​ណាស់ មក​ហើយ​នៅ​លើ​ទឹក​ដី​នៃ​មាតុភូមិ​កម្ពុជា​នេះ ។ ព្រោះ​តាំង​ពី​បុព្វេ​ដ៏​យូរលង់ ទាំង​ជនជាតិ​ខ្មែរ និង​ជន​ជាតិ​ឯ​ទៀត ដែល​ស្ថិត​ក្នុង​អំបូរ​ជា​មួយ​គ្នា​ដូច​ជា​ព្នង គ្រឹង ទំពួន ព្រៅ មាន​ការ​ទាក់​ទង​និង​ការ រាំវង់ ឫ ជា​រង្វង់​មូល​នេះ​ជា​ច្រើន ។

-បងប្អូន ​ជនជាតិ​ខ្មែរ​លើ ភូមិភាគ​ឦសាន​នៃ​ប្រទេស ឫតំបន់​ព្រៃ​ភ្នំ នៃ​ភូមិ​ភាគ​ដទៃ​ទៀត​និយម​រាំ​លេង​កម្សាន្ត​នៅ​ជុំវិញ​ភ្នក់​ភ្លើង​នា​ពេល​ រាត្រី ។ ទម្លាប់​រាំវង់​ជុំ​វិញ​ភ្នក់​ភ្លើង​នេះ​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ក៏​នៅ​មាន​សេស​សល់​រហូត​ដល់​សព្វថ្ងៃ​នេះ ។

-ក្នុង​ពិធី​លៀង​ អារក្ខ ឫ​ឡើង​អ្នក​តា (ជំនឿ​ខ្មែរ​ដើម​មាន​តាំង​ពី​យូរ​លង់ មុន​សម័យ​ដែល​ព្រហ្មញ្ញ​សាសនា និង​ព្រះ​ពុទ្ធ​សាសនា ហូរ​ចូល​មក​ក្នុង​តំបន់​ជ្រោយ​សុវណ្ណភូមិ ពោល​គឺ​តាង​ពី​មុន​៣០៩​ឆ្នាំ​មុន គ.ស(ព្រះ​តេជគុណ ប៉ាង ខាត់…) ជន​ជាតិ​ខ្មែរ​តែង​តែ​នាំ​គ្នា​សង់​រោង​តូច​មួយ​ដោយ​ធ្វើ​រាជ​វត្តិ​ព័ទ្ធ​ ជុំវិញ ហើយ​រូប​មេមត់ (អ្នក​ចូល​រូប) តែងតែ​រាំ​ជា​រង្វង់​មូល​ជុំវិញ​រោង​នោះ ក្នុង​ពេល​ប្រារព្ធ​ពិធី​លៀង​អារក្ខ​នេះ។

-ឯ ​ពិធី​កាប់​ក្របី​ថ្វាយ​អ្នក​តា​របស់​បង​ប្អូន​ជនជាតិ ព្នង គ្រឹង ទំ​ពូន ដែល​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ដែល​គេ​ឃើញ​មាន​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧​(១១៨១-១២១៨) ហើយ ដែល​បងប្អូន​យើង​ថែរក្សា​ឲ្យ​គង់​វង្ស​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ផង​នោះ ក៏​មាន​ទម្លាប់​រាំ​ជា​វង់ ឫ​ជា​រង្វង់​មូល​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ ទៀត បងប្អូន​ជនជាតិ ព្រៅ ព្នង គ្រឹង ទំ​ពូន នៅ​ប្រកាន់​ភ្ជាប់​ទំនៀម “រាំវង់​ភូមិ​ថ្មី” ដែល​ភាសា​ជនជាតិ​និយម​ថា ៖”រាំវង់​ស្រ៊ុក ហាន់​ទើម” ។ របាំ​រាំវង់​ភូមិ​ថ្មី​គេ​មាន​ទម្លាប់​ធ្វើ​នៅ​ក្នុង​ពេល​ប្ដូរ​ភូមិ ពី​ភូមិ​ចាស់​ទៅ​រស់​នៅ​ក្នុង​ភូមិ​ថ្មី ។ តាម​ធម្មតា​ក្នុង​រយៈ​ពេល​ពី​បី​ទៅ​ប្រាំ​ពីរ​ឆ្នាំ​មុន​នឹង​ប្ដូរ​ភូមិ ឫ​ចាក​ចេញ​ពី​ភូមិ​ចាស់ មេ​កន្ទ្រាញ និង​ចាស់​ទុំ​ក្នុង​ភូមិ​តែង​នាំ​គ្នា​ធ្វើ​ពិធី​ផ្សង​ទៅ​តាម​ជំនឿ​របស់​ ខ្លួន​ដើម្បី​រក​កន្លែង​ដី​ថ្មី​ដែល​មាន​លក្ខណៈ​ភូមិ​សាស្ត្រ​ល្អ​មាន​ទឹក​ គ្រប់​គ្រាន់ និង​ជា​កន្លែង​ដែល​អាច​ការពារ​សន្តិសុខ​ជូន​ញាតិ​មិត្ត​ក្នុង​ស្រុក​ភូមិ​ បាន​ល្អ ។ ពេល​ផ្សង​រើស​រក​ដី​ថ្មី​បាន​ហើយ ទើប​គេ​នាំ​គ្នា​ធ្វើ​ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់​នៅ គឺ​ឲ្យ​ដឹង​ថា តើ​ពួក​គេ​អាច​រស់​នៅ​បាន​ប៉ុន្មាន​ឆ្នាំ នៅ​នឹង​ភូមិ​ថ្មី​នោះ ?
។ ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់​នៅ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​មក​កន្ទ្រាញ និង​ចាស់​ទុំ ភូមិ​ធ្វើ​ពិធី​ផ្សង​ដោយ​យក​ប្រទាល​មក​ចិត​ទម្លាក់​មក​លើ​ដី​ចំនួន​ប្រាំពីរ ​ចំណិត ។ បើ​ប្រទាល​នោះ​ក្រឡាប់​ប៉ុន្មាន ចំណិត​នោះ​គេ​ជឿ​ថា គេ​អាច​រស់​នៅ​ក្នុង​ភូមិ​ថ្មី​នោះ​បាន​ប៉ុណ្ណឹង​ឆ្នាំ​ដែរ​ពោល​គឺ​តាម ចំនួន​ចំណិត ប្រទាល​ដែល​ក្រឡាប់​នោះ ។ ដូចជា​បើ​ប្រទាល​ក្រឡាប់​បី ឫ​ប្រាំ​ចំណិត​នោះ​គេ​អាច​រស់​នៅ​ទី​នោះ​បាន​បី ឫ​ប្រាំ​ឆ្នាំ​ដែរ ។ ហើយ​ជំនឿ​នេះ​មាន​រៀង​រហូត​តាំង​ពី​បុព្វេ​យូរ​លង់​ណាស់​មក​ហើយ​រហូត​ដល់​ សព្វថ្ងៃ​នេះ ។ ពេល​ធ្វើ​ពិធី​ផ្សង​រក​ដី​ថ្មី​បាន ហើយ​មេ​កន្ទ្រាញ​ក៏​ប្រកាស​ឲ្យ​អ្នក​ស្រុក​អ្នកភូមិ​រុះ​រើ​ពី​ភូមិ​ថ្មី​ នេះ​មុន​គេ​បង្អស់ ។ អ្នក​ស្រុក​អ្នកភូមិ​មាន​ស្រី មាន​ប្រុស​នាំ​គ្នា​រាំ​ជា​គូ (តាម​ប្រពៃណី​ដូនតា តៗ​គ្នា​រហូត​ដល់​បច្ចុប្បន្ន​នេះ) ដែល​មាន​ជំនឿ​ថា៖ នឹង​នាំ​ឲ្យ​គេ​គ្រប់​ៗ​គ្នា​បាន​សេចក្ដី​សុខ​ចម្រើន ។

ការ​រៀបរាប់​ ខាង​លើ​នេះ​បញ្ជាក់​ថា របាំ​រាំវង់​នៅ​ប្រទេស​កម្ពុជា មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ជា​របាំ​ដែល​ជាប់​នឹង​ពិធី​ប្រពៃណី តែ​លុះ​ចំណេរ​ក្រោយ មក​ទើប​ក្លាយ​ជា​របាំ​ប្រជាប្រិយ​ដែល​មានការ​និយម​ចូលចិត្ត​ពី​គ្រប់​ មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំង​មូល ។ ហើយ​ក្រោយ​មក​ទៀត​ក្នុង​ពេល​ដែល​ប្រទេស​ជិត​ខាង​មាន សៀម និង​ឡាវ បាន​ចាប់​កំណើត​ឡើង របាំ​រាំវង់​នេះ​ ក៏​ដូច​ទម្រង់​សិល្បៈ​ឯ​ទៀត​ដែរ បាន​ហូរ​ចុះ​ហូរ​ឡើង ឫ​ក៏​ជះ​ឥទ្ធិពល​ឆ្លង​គ្នា​ទៅ វិញ​ទៅ​មក​រវាង ខ្មែរ និង​លាវ ខ្មែរ និង​សៀម ពិសេស​គ្រប់​តំបន់​ជាយ​ដែន និង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​លាវ ឫ​ខ្មែរ​សៀម​រស់ នៅ​លាយ​ឡំ​គ្នា​ច្រើន​នោះ ។

បើ​តាម​ឯក​សារ​ខ្លះ​ៗ​ដែល​នៅ​សល់ និង​តាម​ព័ត៌មាន ដែល​យើង​ទទួល​បាន​ពី​ចាស់​ទុំ​ជា​ច្រើន​បាន​បញ្ជាក់​ថា៖ នៅ​ប្រទេស​កម្ពុជា​របាំ​ប្រជាប្រិយ​រាំវង់​រាំក្បាច់​នេះ បាន​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​សតវត្សរ៍​ទី​២០​នេះ ។ ពិសេស​គឺ​តាំង​ពី​ពេល​ដែល​ចលនា ខ្មែរ​ឥស្សរៈ​ដែល​កើត​មាន​នៅ​គ្រប់​តំបន់​ក្នុង​ប្រទេស និង​ជីវពល​នារី​ក្លាហាន​ក្រោក​ឡើង​បណ្ដេញ​អាណានិគម​បារាំង ដើម្បី​ទាម​ទារ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​នោះ​មក ហើយ​ដែល​គេ​អាច​ឃើញ​មាន​សល់​នូវ​បទ​ចម្រៀង​រាំវង់​មួយ​ចំនួន​ដែល​អាច​ជាតិ​ក ​តាង ឫ​ជា​អនុស្សាវរីយ៍ នៃ​សម័យ​កាល​នោះ​ផង ។ ហើយ​ក៏​ប្រហែល​នៅ​ក្នុង​ពេល​នោះ​ដែរ ដែល​ឥទ្ធិពល​នៃ​ពាក្យ​បរទេស​ដូចជា​ពាក្យ​ថា៖ រាំ”ឡាំ​ថូន” ឫ​ឡក”ឡាំ​ថូន” (ថូន​គឺ​ស្គរ) ត្រូវ​ខ្មែរ​យក​មក​ប្រើ​ព្រោះ​ពេល​នោះ​កង​ទ័ព​ខ្មែរ​ឥស្សរៈ​ដែល​បោះ​ទី​តាំង ​ក្នុង​ព្រៃ​ជ្រៅ​ៗ​តំបន់​ភ្នំ​ដង​រែក តំបន់​ជ្រាវ​ឱរ៉ាល់ ភ្នំ​ក្រវាញ តំបន់​ភាគ​ឦសាន​នៃ​ប្រទេស (ដែល​អាច​ចង​សម្ពន្ធ​ជា​មួយ​ឥស្ស​ឡៈ​ឡាវ) ឫ​តំបន់​មាត់​សមុទ្រ​ក្ដី ច្រើន​នាំ​គ្នា​លេង​រាំវង់ ដោយ​ប្រើ​ស្គរ​ដៃ​មួយ​ប៉ុណ្ណោះ និង​ចម្រៀង​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​កម្សាន្ត​ទៅ​តាម​កាលៈទេសៈ​ នៃ​ការ​តស៊ូ និង​ការ​រស់​ដោយ​យក​ព្រៃ​ជ្រៅ​ជា​មូលដ្ឋាន​បង្អែក ។ សូម​បញ្ជាក់​ថា៖ ស្គរ​ដៃ​នេះ​ជា​ស្គរ​នៃ​វង់​ភ្លេង​អារក្ស ឫ​វង់​ភ្លេង​ប្រពៃណី​ភ្លេង​ការ​របស់​ជនជាតិ​ខ្មែរ​ដែល​មាន​កំណើត​រាប់​ពាន់​ ឆ្នាំ​មក​ហើយ ។
គឺ​តាំង​ពី​ពេល​ស្រុក​ខ្មែរ​បាន​ឯករាជ្យ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ នៃ​ព្រះ​ករុណា ព្រះបាទ​នរោត្ដម​សី​ហ​នុ​វរ្ម័ន នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ មក ប្រទេស​ជាតិ និង​ប្រជារាស្ត្រ មាន​សេរីភាព​គ្រប់​គ្រាន់ ។ របាំ​ប្រជាប្រិយ រាំវង់ រាំក្បាច់ ក៏​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្លា ពោល​គឺ​នៅ​កន្លែង​ខ្លះ គេ​រាំ​ជា​មួយ​ស្គរ​ដៃ​ពេល​ខ្លះ គេ​រាំ​ជា​មួយ​វង់​ភ្លេង​ខ្មែរ ដែល​មាន​ឧបករណ៍​ស្គរ​ ទ្រ ​រនាត និង​​ឧបករណ៍​ច្រើន​ផ្សេងៗ​ទៀត​រហូត​ដល់​វង់​តន្ត្រី​សម័យ​យ៉ាង​ទំនើប ដែល​យើង​ឃើញ​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង ។

សូម​ជម្រាប​ថា៖ នៅ​ក្នុង​ប្រភេទ​សិល្បៈ​របាំ​ប្រជាប្រិយ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ ក្រៅ​ពី​រាំវង់ និង​រាំ​ក្បាច់ ដែល​ជា​របាំ​មូលដ្ឋាន​របស់​ជន​ជាតិ​ខ្មែរ មាន​ចម្រៀង និង​របាំ​ប្រឺន និង​កន្ទ្រឹម ដែល​មាន​ប្រជាប្រិយភាព​ដ៏​ធំធេង​នៅ​តំបន់​ចំនៀរ​ភ្នំ​ដង​រែក​នោះ និង​នៅ​មាន​របាំ “ឡាំ​លាវ” និង “សារ៉ាវ៉ាន់” ថែម​ទៀត​ដែល​មាន​ប្រជាប្រិយភាព​ធំធេង ហើយ​មាន​ការ​និយម​រាំ​ឆ្លូក​គ្នា​ជា​មួយ​រាំ​វង់ និង​រាំ​ក្បាច់​ជា​និច្ច​នោះ​ផង ។ ចំពោះ​របាំ​ឡាំ​លាវ ដែល​មាន​ចង្វាក់​ញាប់​រន្ថើន និង​របាំ​ក្បាច់​សារ៉ាវ៉ាន់​នេះ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា៖ នេះ​គឺ​ពិត​ជា​ឥទ្ធិពល​របស់​សិល្បៈ​លាវ ដែល​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ឋានៈ ជា​មិត្តភ័ក្ដិ និង​ជា​បង​ប្អូន និង​ជា​អ្នក​ភូមិ​ផង​របង​ជា​មួយ ហើយ​ត្រូវ​បាន​ជន​ជាតិ កម្ពុជា​និយម​រាប់​អាន​យ៉ាង​ក្រៃ​លែង ។ ដូច្នេះ​គូរ​ជ្រាប​ថា៖ ខ្មែរ​រាំ​ឡាំ​លាវ​នោះ គឺ​មាន​សេចក្ដី​ថា៖ ខ្មែរ​រាំ​បែប​លាវ ឫ​ចំលង​របៀប​រាំ​តាម​ជនជាតិ​លាវ ថ្វី​ត្បិត​តែ​មិន​បាន​ចំលង​ឲ្យ​ដូច​គ្នា​បេះ​បិទ ឬ​ក៏​ដូច​លាវ​សុទ្ធ​សាធ​ក្ដី ។ ឯ​សារ៉ាវ៉ាន់​វិញ​គឺ​ជា​ឈ្មោះ​ខេត្ត​មួយ របស់​ប្រទេស​លាវ​ជាប់​និង​ខេត្ត​អាត់​តៈ​ពើ ហើយ​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​ស្ទឹង​ត្រែង​របស់​ប្រទេស​ កម្ពុជា​យើង​នេះ​ឡើយ ។ ហើយ​ក្បាច់​សារ៉ាវ៉ាន់ នោះ​ក៏​ជា​ភស្តុតាង​គូស​បញ្ជាក់​ថា៖ មាន​ប្រភព​ដើម​ចេញ​មក​ពី​ខេត្ត​សារ៉ាវ៉ាន់​នេះ​ឯង​ពិត​ប្រាកដ ។

អាស្រ័យ ​ដោយ​ហេតុ​ផល និង​តឹកតាង​ដូច​បាន​ជម្រាប​ខាង​លើ​តាម​យោបល់ ឫ​សំណូមពរ​របស់​ខ្ញុំ​បាទ​ផ្ទាល់​ថា៖ ខ្មែរ​យើង​គួរ​តែ​កុំ​ប្រើ​ពាក្យ​ថា៖ ឡាំ​លាវ សារ៉ាវ៉ាន់ ប្រពៃណី​ខ្មែរ ? ទើប​ជា​ការ​ប្រសើរ ។

ចំណែក​ខាង​ ពេល​វេលា ឫ ពិធី​ដែល​របាំ​ប្រជាប្រិយ​សម្ដែង​វិញ គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់​ជា​ទូទៅ​គេ​ច្រើន​រាំ​ក្នុង​ពិធី​បុណ្យ​ចូល​ ឆ្នាំ​ប្រពៃណី ខ្មែរ​នៅ​ទូទាំង​ប្រទេស ហើយ​មាន​កន្លែង​ខ្លះ ឫ​ស្រុក​ខ្លះ​រាំ​លេង​សប្បាយ​រាប់​ខែ​មុន​ពេល​ចូល​ឆ្នាំ និង​រាំ​លេង​រាប់​ខែ ក្រោយ​ពេល​ចូល​ឆ្នំា​ទៀត​ផង ដូចជា​នៅ​ភូមិ​អន្លង់​រមៀត​ក្នុង ខេត្ត​កណ្ដាល ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំ​ពេញ​នេះ​ជា​ដើម ។ គេ​រាំ​លេង​កម្សាន្ត ក្នុង​អាពាហ៍ពិពាហ៍ ឫ​រាំ​ដើម្បី​បំបាត់​ការ​នឿយ​ហត់ ក្រោយ ពេល​បំពេញ​ពលកម្ម​នានា​ថែម​ទៀត​ផង ។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​គេ​សង្កេត ឃើញ​របាំ​ប្រជាប្រិយ រាំវង់ រាំក្បាច់ ឡាំ​លាវ សារ៉ាវ៉ាន់ ត្រូវ​បាន​គេ​និយម​រាំ​លេង​នៅ​តាម​រង្គសាល​នានា លាយ​ចម្រុះ​និង​ក្បាច់​របាំ​បរទេស​នានា​ជា​រាល់​រាត្រី​ផង ។

រី​ឯ​ ទស្សនៈ​យល់​ដឹង​អំពី​សិល្បៈ​របាំ​ប្រជាប្រិយ​ខ្មែរ ដែល​រាំ​ជា​រង្វង់​មូល ហើយ​ប្រើ​កាយ​វិការ និង​ក្បាច់​ដៃ​”ជើង” ពី​ក្រោម ហើយ​លើក​ឡើង “លា” នោះ​វិញ មាន​មតិ​ភាគ​ច្រើន​យល់​ថា៖ នោះ​ជា​ការ​បង្កើត​សាមគ្គីភាព​រវាង​គ្នា និង​គ្នា​ផង​ការ​បង្ហាញ​ពី​សុភមង្គល​ក្នុង​ជីវិត​ខ្មែរ​ផង និង​ជា​និម្មិត​រង្វង់​នៃ​ជីវិត​ដែល​ត្រូវ​តែ​មាន​ពលកម្ម​ដាំ​ដុះ​ផល​ដំណាំ សារ​ចុះ​សារ​ឡើង បន្ត​ជា​និរន្ត មិន​ចេះ​ចប់ ដើម្បី​ទ្រទ្រង់​ជីវិត និង ការ​ចាំ​បាច់​នៃ​ការ​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល (បន្ត​វេន) នៃ​ធម្មជាតិ និង​មនុស្ស​ពិសេស គឺ ពូជ​ពង្ស​វង្ស​ត្រកូល​ខ្មែរ​នេះ​តែ​ម្ដង ។

ដក់​ស្រង់​ពី​សៀវភៅ “ទស្សនីយភាព​ខ្មែរ” ដោយ៖ ឡាយ សុខ​អូន

Posted on ខែ​មីនា 15, 2013, in ប្រវត្តិ​សង្ខេប​របាំ​ប្រជា​ប្រិយ​ខ្មែរ រាំ​វង់ រាំ​ក្បាច់…, វប្បធម៌ខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ